28. តើអញមិនបានរើសយកគេ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃដល់អញ ឲ្យបានពាក់អេផូឌ ឡើងទៅឯអាសនាអញ ដើម្បីនឹងដុតគ្រឿងក្រអូបនៅមុខអញ ព្រមទាំងចែកដង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់ពួកគ្រួអយ្យកោឯងផងទេឬអី
29. បើដូច្នេះ ហេតុអ្វីបានជាឯងរាល់គ្នាជាន់ឈ្លីយញ្ញបូជា និងដង្វាយរបស់អញទាំងប៉ុន្មាន ដែលអញបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់អញ ដោយរាប់អានកូនឯងជាជាងអញវិញ ដើម្បីនឹងធ្វើឲ្យខ្លួនធាត់ធំ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងដង្វាយនៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញដូច្នេះ
30. ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អញបានសន្យាឲ្យពួកគ្រួឯង និងវង្សព្ធយុកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងនេះវិញថា សូមឲ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ
31. មើល នឹងមានគ្រាមកដល់ នោះអញនឹងកាត់អំណាចរបស់ឯងចេញ ព្រមទាំងអំណាចនៃពួកវង្សអយ្យកោឯងដែរ រហូតដល់គ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងឡើយ
32. នៅកណ្តាលគ្រប់ទាំងការចំរើន ដែលព្រះទ្រង់នឹងប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល នោះឯងនឹងឃើញមានទុក្ខវេទនាកើតដល់ពួកគ្រួសារឯងវិញ ហើយនឹងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងជាដរាបទៅ
33. អញមិនកាត់ពួកឯងទាំងអស់ចេញពីអាសនាអញទេ ចំណែកអ្នកដែលអញមិនកាត់ចេញ នោះនឹងបានសំរាប់នាំឲ្យស្រវាំងដល់ភ្នែកឯង ហើយនឹងបញ្ឈឺចិត្តឯងវិញ ឯពូជដែលចំរើននៅក្នុងគ្រួឯង គេនឹងស្លាប់ទៅ ពីកាលកំពុងនៅពេញវ័យ
34. នេះជាទីសំគាល់ដល់ឯង ជាការដែលត្រូវកើតដល់ហុបនី និងភីនេហាស កូនឯងទាំង២ គឺគេនឹងស្លាប់ទៅទាំង២នាក់នៅថ្ងៃតែ១
35. រួចអញនឹងបង្កើតឲ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្តតាមគំនិតអញវិញ ហើយអញនឹងបង្កើតឲ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឲ្យ ជារៀងរាបដរាបទៅ
36. គ្រានោះ ពួកអ្នកដែលនៅសល់ពីពួកគ្រួឯង គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ ហើយនឹងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារនៃពួកសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង។