21. ក្រោយមក ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យនាងហាណាទំងន់ បង្កើតបានកូនប្រុស៣កូនស្រី២ទៀត ឯសាំយូអែល ជាក្មេងតូចនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
22. រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើ ដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង
23. ដូច្នេះ លោកសួរថា ហេតុអ្វីបានជាឯងប្រព្រឹត្តអំពើយ៉ាងនេះ ដ្បិតអញបានឮបណ្តាជននិយាយ ពីអំពើអាក្រក់របស់ឯងនេះ
24. កុំឡើយ កូនអើយ ដ្បិតសេចក្តីដែលអញឮគេនិយាយនោះមិនល្អទេ យ៉ាងនោះឯងនាំឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាប្រព្រឹត្តរំលងហើយ
25. បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជំរះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែ គេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល
26. ឯសាំយូអែល ជាក្មេងនោះក៏ចេះតែមានវ័យចំរើនធំឡើង ជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តដល់មនុស្សលោកកាន់តែច្រើនឡើងផង។
27. គ្រានោះ មានអ្នកសំណប់របស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ តើអញមិនបានលេចមក ឲ្យពួកវង្សនៃអយ្យកោឯងឃើញ ពីកាលដែលគេនៅក្នុងដំណាក់ផារ៉ោន នៅស្រុកអេស៊ីព្ទទេឬអី
28. តើអញមិនបានរើសយកគេ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃដល់អញ ឲ្យបានពាក់អេផូឌ ឡើងទៅឯអាសនាអញ ដើម្បីនឹងដុតគ្រឿងក្រអូបនៅមុខអញ ព្រមទាំងចែកដង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់ពួកគ្រួអយ្យកោឯងផងទេឬអី
29. បើដូច្នេះ ហេតុអ្វីបានជាឯងរាល់គ្នាជាន់ឈ្លីយញ្ញបូជា និងដង្វាយរបស់អញទាំងប៉ុន្មាន ដែលអញបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់អញ ដោយរាប់អានកូនឯងជាជាងអញវិញ ដើម្បីនឹងធ្វើឲ្យខ្លួនធាត់ធំ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងដង្វាយនៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញដូច្នេះ