17. ដូច្នេះ បាបរបស់មនុស្សកំឡោះទាំងនោះ មានទំងន់ខ្លាំងណាស់នៅចំពោះព្រះយេហូវ៉ា ដ្បិតគេបានមើលងាយដល់ដង្វាយនៃព្រះយេហូវ៉ា។
18. ឯសាំយូអែល ជាក្មេងតូចនោះ ក៏តែងពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដើម្បីសំរេចការងារនៅចំពោះព្រះយេហូវ៉ា
19. ហើយម្តាយក៏ធ្វើអាវតូច១ យកមកឲ្យរាល់តែឆ្នាំ ក្នុងកាលដែលនាងឡើងមកជាមួយនឹងប្ដី ដើម្បីថ្វាយយញ្ញបូជាដែលត្រូវថ្វាយរាល់តែឆ្នាំ
20. នោះអេលី លោកឲ្យពរដល់អែលកាណា និងប្រពន្ធផងថា សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកបានពូជពង្ស ដោយសារស្រីនេះ ជំនួសកូននេះដែលនាងបានសូមពីទ្រង់ រួចគេក៏ត្រឡប់វិលទៅផ្ទះវិញ
21. ក្រោយមក ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យនាងហាណាទំងន់ បង្កើតបានកូនប្រុស៣កូនស្រី២ទៀត ឯសាំយូអែល ជាក្មេងតូចនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
22. រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើ ដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង