១ សាំយូអែល 2:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​ក៏​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ​មក គេ​ធ្វើ​ដូច្នោះ​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ឯ​ស៊ីឡូរ

15. មួយ​ទៀត​មុន​ដែល​គេ​ដុត​ខ្លាញ់ នោះ​អ្នក​បំរើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​នឹង​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា ចូរ​ឲ្យ​សាច់​ដែល​សំរាប់​អាំង​ដល់​ពួក​សង្ឃ​មក ដ្បិត​លោក​មិន​យក​សាច់​ស្ងោរ​ពី​ឯង​ទេ លោក​យក​តែ​សាច់​ឆៅ​វិញ

16. បើ​សិន​ជា​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា ចាំ​ឲ្យ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ នោះ​គេ​ឆ្លើយ​ឡើង​ថា ទេ​ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ អញ​នឹង​យក​ទាំង​បង្ខំ

17. ដូច្នេះ បាប​របស់​មនុស្ស​កំឡោះ​ទាំង​នោះ មាន​ទំងន់​ខ្លាំង​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​ដង្វាយ​នៃ​ព្រះ‌យេហូវ៉ា។

18. ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដើម្បី​សំរេច​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

19. ហើយ​ម្តាយ​ក៏​ធ្វើ​អាវ​តូច​១ យក​មក​ឲ្យ​រាល់​តែ​ឆ្នាំ ក្នុង​កាល​ដែល​នាង​ឡើង​មក​ជា​មួយ​នឹង​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ឆ្នាំ

20. នោះ​អេលី លោក​ឲ្យ​ពរ​ដល់​អែល‌កាណា និង​ប្រពន្ធ​ផង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​បាន​ពូជ‌ពង្ស ដោយ‌សារ​ស្រី​នេះ ជំនួស​កូន​នេះ​ដែល​នាង​បាន​សូម​ពី​ទ្រង់ រួច​គេ​ក៏​ត្រឡប់​វិល​ទៅ​ផ្ទះ​វិញ

21. ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហាណា​ទំងន់ បង្កើត​បាន​កូន​ប្រុស​៣​កូន​ស្រី​២​ទៀត ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

22. រីឯ​អេលី លោក​ចាស់​ណាស់​ហើយ លោក​ក៏​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ខ្លួន​បាន​ប្រព្រឹត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​អំពើ ដែល​គេ​តែង​ដេក​នឹង​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង

23. ដូច្នេះ លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​ប្រព្រឹត្ត​អំពើ​យ៉ាង​នេះ ដ្បិត​អញ​បាន​ឮ​បណ្តា‌ជន​និយាយ ពី​អំពើ​អាក្រក់​របស់​ឯង​នេះ

24. កុំ​ឡើយ កូន​អើយ ដ្បិត​សេចក្តី​ដែល​អញ​ឮ​គេ​និយាយ​នោះ​មិន​ល្អ​ទេ យ៉ាង​នោះ​ឯង​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​រំលង​ហើយ

25. បើ​មនុស្ស​ម្នាក់​ធ្វើ​បាប​នឹង​ម្នាក់​ទៀត នោះ​មាន​ព្រះ​ទ្រង់​ជំនុំ‌ជំរះ​ដល់​អ្នក​នោះ តែ​បើ​មនុស្ស​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ នោះ​តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រហារ​ជីវិត​គេ​ចោល

26. ឯ​សាំយូ‌អែល ជា​ក្មេង​នោះ​ក៏​ចេះ​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង​ផង។

27. គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​មក​ឯ​អេលី​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ តើ​អញ​មិន​បាន​លេច​មក ឲ្យ​ពួក​វង្ស​នៃ​អយ្យកោ​ឯង​ឃើញ ពី​កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន នៅ​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី

១ សាំយូអែល 2