13. ឯទំលាប់ដែលគេប្រព្រឹត្តចំពោះបណ្តាជន នោះគឺដូច្នេះ បើមានអ្នកណាថ្វាយយញ្ញបូជា នោះអ្នកបំរើរបស់សង្ឃតែងយកសមមានធ្មេញ៣មកកាន់នៅដៃ ក្នុងពេលដែលគេកំពុងស្ងោរសាច់
14. ហើយចាក់ចុះទៅក្នុងខ្ទះ ឬថ្លាង ឬឆ្នាំង រួចសង្ឃក៏យកសាច់ទាំងអស់ដែលជាប់នឹងសមនោះមក គេធ្វើដូច្នោះដល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមកឯស៊ីឡូរ
15. មួយទៀតមុនដែលគេដុតខ្លាញ់ នោះអ្នកបំរើរបស់ពួកសង្ឃ ក៏មកនិយាយនឹងមនុស្សដែលថ្វាយយញ្ញបូជាថា ចូរឲ្យសាច់ដែលសំរាប់អាំងដល់ពួកសង្ឃមក ដ្បិតលោកមិនយកសាច់ស្ងោរពីឯងទេ លោកយកតែសាច់ឆៅវិញ
16. បើសិនជាអ្នកនោះឆ្លើយឃាត់ថា ចាំឲ្យដុតខ្លាញ់មុនសិន រួចសឹមយកតាមចិត្តចុះ នោះគេឆ្លើយឡើងថា ទេត្រូវតែឲ្យមកឥឡូវនេះ បើមិនដូច្នោះ អញនឹងយកទាំងបង្ខំ
17. ដូច្នេះ បាបរបស់មនុស្សកំឡោះទាំងនោះ មានទំងន់ខ្លាំងណាស់នៅចំពោះព្រះយេហូវ៉ា ដ្បិតគេបានមើលងាយដល់ដង្វាយនៃព្រះយេហូវ៉ា។
18. ឯសាំយូអែល ជាក្មេងតូចនោះ ក៏តែងពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដើម្បីសំរេចការងារនៅចំពោះព្រះយេហូវ៉ា
19. ហើយម្តាយក៏ធ្វើអាវតូច១ យកមកឲ្យរាល់តែឆ្នាំ ក្នុងកាលដែលនាងឡើងមកជាមួយនឹងប្ដី ដើម្បីថ្វាយយញ្ញបូជាដែលត្រូវថ្វាយរាល់តែឆ្នាំ
20. នោះអេលី លោកឲ្យពរដល់អែលកាណា និងប្រពន្ធផងថា សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកបានពូជពង្ស ដោយសារស្រីនេះ ជំនួសកូននេះដែលនាងបានសូមពីទ្រង់ រួចគេក៏ត្រឡប់វិលទៅផ្ទះវិញ
21. ក្រោយមក ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យនាងហាណាទំងន់ បង្កើតបានកូនប្រុស៣កូនស្រី២ទៀត ឯសាំយូអែល ជាក្មេងតូចនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
22. រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើ ដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង
23. ដូច្នេះ លោកសួរថា ហេតុអ្វីបានជាឯងប្រព្រឹត្តអំពើយ៉ាងនេះ ដ្បិតអញបានឮបណ្តាជននិយាយ ពីអំពើអាក្រក់របស់ឯងនេះ
24. កុំឡើយ កូនអើយ ដ្បិតសេចក្តីដែលអញឮគេនិយាយនោះមិនល្អទេ យ៉ាងនោះឯងនាំឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាប្រព្រឹត្តរំលងហើយ
25. បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជំរះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែ គេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល
26. ឯសាំយូអែល ជាក្មេងនោះក៏ចេះតែមានវ័យចំរើនធំឡើង ជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តដល់មនុស្សលោកកាន់តែច្រើនឡើងផង។