1. លំដាប់នោះ ហាណាក៏អធិស្ឋានថា ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ ស្នែងខ្ញុំម្ចាស់បានថ្កើងឡើងដោយនូវព្រះយេហូវ៉ា មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំម្ចាស់ ដោយព្រោះខ្ញុំម្ចាស់មានសេចក្តីអំណរចំពោះសេចក្តីសង្គ្រោះរបស់ទ្រង់
2. គ្មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ
3. កុំឲ្យពោលពាក្យអំនួតដ៏លើសលុបដូច្នេះទៀត កុំឲ្យមានសេចក្តីឃ្នើសឃ្នងចេញពីមាត់ឯងឡើយ ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលជ្រាបទាំងអស់ គឺទ្រង់ហើយ ដែលថ្លឹងអស់ទាំងអំពើ
4. ធ្នូនៃពួកខ្លាំងពូកែបានបាក់ហើយ តែពួកអ្នកដែលល្វើយ បានក្រវាត់ឡើងដោយកំឡាំងវិញ
5. ពួកអ្នកដែលពីដើមឆ្អែត គេបានទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត តែពួកអ្នកដែលពីដើមអត់ឃ្លានគេបានឆ្អែតវិញ បានជានាងស្រីអារបង្កើតកូនបាន៧ ហើយនាងដែលមានកូនច្រើនបានរីងរៃទៅ
6. ឯសេចក្តីស្លាប់ ហើយនឹងជីវិត នោះស្រេចនៅព្រះយេហូវ៉ា ទ្រង់នាំចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញដែរ
7. ឯការក្រ ហើយនឹងមាន នោះស្រេចនៅព្រះយេហូវ៉ា គឺទ្រង់ដែលបន្ទាបទៅ ហើយគឺទ្រង់ដែលលើកឡើងដែរ
8. ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយ៍នៅលើសសរទាំងនោះ
9. ទ្រង់នឹងគាំពារជើងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយនូវកំឡាំងបានទេ
10. ឯពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ទ្រង់នឹងបញ្ចេញផ្គរលាន់ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ាទ្រង់នឹងជំនុំជំរះ រហូតដល់អស់ទាំងចុងផែនដី ហើយទ្រង់នឹងប្រទានអំណាចដល់ស្តេចនៃទ្រង់ ព្រមទាំងដំកើងស្នែងនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យផង
11. រួចពីនោះហើយ អែលកាណាក៏ត្រឡប់វិលទៅឯផ្ទះនៅរ៉ាម៉ាវិញ តែឯកូនតូចបាននៅធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះអេលីដ៏ជាសង្ឃ។
12. រីឯពួកសង្ឃ ជាកូនរបស់អេលី គេជាមនុស្សគំរក់អាក្រក់ ឥតស្គាល់ដល់ព្រះយេហូវ៉ាទេ
13. ឯទំលាប់ដែលគេប្រព្រឹត្តចំពោះបណ្តាជន នោះគឺដូច្នេះ បើមានអ្នកណាថ្វាយយញ្ញបូជា នោះអ្នកបំរើរបស់សង្ឃតែងយកសមមានធ្មេញ៣មកកាន់នៅដៃ ក្នុងពេលដែលគេកំពុងស្ងោរសាច់
14. ហើយចាក់ចុះទៅក្នុងខ្ទះ ឬថ្លាង ឬឆ្នាំង រួចសង្ឃក៏យកសាច់ទាំងអស់ដែលជាប់នឹងសមនោះមក គេធ្វើដូច្នោះដល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមកឯស៊ីឡូរ
15. មួយទៀតមុនដែលគេដុតខ្លាញ់ នោះអ្នកបំរើរបស់ពួកសង្ឃ ក៏មកនិយាយនឹងមនុស្សដែលថ្វាយយញ្ញបូជាថា ចូរឲ្យសាច់ដែលសំរាប់អាំងដល់ពួកសង្ឃមក ដ្បិតលោកមិនយកសាច់ស្ងោរពីឯងទេ លោកយកតែសាច់ឆៅវិញ