១ សាំយូអែល 19:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. រួច​មក​យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្តី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ឯ​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។

8. សម័យ​នោះ កើត​មាន​ចំបាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សំឡាប់​ជីវិត​គេ​យ៉ាង​សំបើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។

9. រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង

10. ស្រាប់​តែ​សូល​ទ្រង់​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ ដែល​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះ​ដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង

11. ឯ​សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ផ្ទះ​ដាវីឌ​ដើម្បី​នឹង​ចាំ​យាម ហើយ​នឹង​សំឡាប់​លោក​ដល់​ព្រឹក​ឡើង តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ នោះ​ស្អែក​ឡើង​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ

12. ដូច្នេះ មីកាល​បាន​សំរូត​បញ្ចុះ​ដាវីឌ​តាម​បង្អួច​ទៅ ហើយ​លោក​ក៏​រត់​ចេញ​រួច

13. ឯ​មីកាល​នាង​យក​រូប​១​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង

14. លុះ​កាល​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា លោក​ឈឺ

15. រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សំឡាប់​ចេញ

16. តែ​កាល​ពួក​នោះ​បាន​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​រូប​ផ្តេក​នៅ​គ្រែ ហើយ​នឹង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ

17. ដូច្នេះ សូល​ទ្រង់​សួរ​មីកាល​ថា ម្តេច​ក៏​ឯង​បញ្ឆោត​អញ ហើយ​ទុក​ឲ្យ​សត្រូវ​អញ​រួច​ទៅ​ដូច្នេះ មីកាល​ទូល​ឆ្លើយ​ថា គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​អញ​ទៅ ចង់​ឲ្យ​អញ​សំឡាប់​ឯង​ឬ។

18. រីឯ​ដាវីឌ លោក​រត់​រួច​ទៅ​ដល់​សាំយូ‌អែល នៅ​ឯ​រ៉ាម៉ា ហើយ​ជំរាប​ពី​សេចក្តី​ទាំង​ប៉ុន្មាន ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត

19. មាន​គេ​ទូល​ដល់​សូល​ថា មើល ដាវីឌ​នៅ​ត្រង់​ណា‌យ៉ូត​ដែល​នៅ​ស្រុក​រ៉ាម៉ា

20. នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ និង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេនោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ

១ សាំយូអែល 19