3. នោះខ្ញុំនឹងចេញទៅឈរជាមួយនឹងបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើការពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់ដល់អ្នក
4. ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្តីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបំរើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង
5. គាត់បានប្រថុយជីវិត ទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាទ្រង់បានប្រោសឲ្យមានជ័យជំនះជាធំ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានសេចក្តីអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោសវិញ ដោយសំឡាប់គាត់ឥតហេតុដូច្នេះធ្វើអី
6. នោះសូលទ្រង់ក៏ស្តាប់តាមពាក្យយ៉ូណាថាន ព្រមទាំងចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ
7. រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្តីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។
8. សម័យនោះ កើតមានចំបាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសំឡាប់ជីវិតគេយ៉ាងសំបើម គេក៏រត់ពីមុខលោកទៅ។
9. រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង
10. ស្រាប់តែសូលទ្រង់រកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ ដែលលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះដាវីឌក៏រត់រួចនៅយប់នោះឯង
11. ឯសូលទ្រង់ចាត់គេឲ្យទៅឯផ្ទះដាវីឌដើម្បីនឹងចាំយាម ហើយនឹងសំឡាប់លោកដល់ព្រឹកឡើង តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ នោះស្អែកឡើងអ្នកនឹងត្រូវស្លាប់ហើយ
12. ដូច្នេះ មីកាលបានសំរូតបញ្ចុះដាវីឌតាមបង្អួចទៅ ហើយលោកក៏រត់ចេញរួច
13. ឯមីកាលនាងយករូប១ទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង
14. លុះកាលសូលទ្រង់ចាត់គេ ឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា លោកឈឺ
15. រួចសូលទ្រង់ចាត់គេ ឲ្យទៅមើលដាវីឌដោយប្រាប់ថា ចូរសែងនាំយកវាទាំងដេកនៅលើគ្រែ មកឲ្យអញបានសំឡាប់ចេញ