6. គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសំឡាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង និងលោតកញ្ឆេង ហើយបន្ទរក្រាប់ និងប្រដាប់ភ្លេងផ្សេងៗ
7. កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន
8. ដូច្នេះ សូលទ្រង់មានសេចក្តីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានព្រះបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ
9. ចាប់តាំងពីថ្ងៃនោះមក សូលទ្រង់ចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។
10. លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្តីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង
11. ខណៈនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង
12. ដូច្នេះ សូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ
13. ហេតុដូច្នោះសូលទ្រង់ក៏ដកហូតដាវីឌចេញ ហើយដំរូវឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្តាទ័ពចេញចូល
14. លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាទ្រង់គង់ជាមួយផង
15. កាលសូលទ្រង់ឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ នោះទ្រង់កោតខ្លាចដល់លោក
16. តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មានគេដិតចិត្តស្រឡាញ់ដល់ដាវីឌ ពីព្រោះលោកជាអ្នកនាំមុខគេចេញចូល។