10. លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្តីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង
11. ខណៈនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង
12. ដូច្នេះ សូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ
13. ហេតុដូច្នោះសូលទ្រង់ក៏ដកហូតដាវីឌចេញ ហើយដំរូវឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្តាទ័ពចេញចូល
14. លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាទ្រង់គង់ជាមួយផង
15. កាលសូលទ្រង់ឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ នោះទ្រង់កោតខ្លាចដល់លោក
16. តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មានគេដិតចិត្តស្រឡាញ់ដល់ដាវីឌ ពីព្រោះលោកជាអ្នកនាំមុខគេចេញចូល។
17. នៅគ្រានោះ សូលមានព្រះបន្ទូលទៅដាវីឌថា មើលអញនឹងឲ្យនាងម៉្រាប ជាកូនច្បងរបស់អញ ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងបានធ្វើជាអ្នកក្លាហាន សំរាប់អញ ហើយច្បាំងចំបាំងនៃព្រះយេហូវ៉ាចុះ ពីព្រោះសូលមានបំណងថា កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃនៃពួកភីលីស្ទីនធ្វើវិញចុះ
18. ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ