9. បើវាអាចនឹងតដៃសំឡាប់អញបាន នោះយើងនឹងធ្វើជាបាវបំរើឯង តែបើអញឈ្នះ ហើយសំឡាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបំរើយើងវិញ
10. វាប្រកួតនឹងពួកទ័ពអ៊ីស្រាអែលថា នៅថ្ងៃនេះ ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងអញលមើលចុះ
11. កាលសូល និងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននោះនិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។
12. រីឯដាវីឌ ជាកូនរបស់ពួកអេប្រាតាម្នាក់ នៅបេថ្លេហិម-យូដា ឈ្មោះអ៊ីសាយ ឯអ៊ីសាយ មានកូនប្រុស៨នាក់ ហើយនៅជំនាន់ស្តេចសូល គាត់ចាស់ណាស់ មានវ័យកន្លងហើយ
13. កូនប្រុសច្បងរបស់អ៊ីសាយ៣នាក់បានតាមសូលទៅច្បាំង កូនទាំង៣នាក់ដែលទៅច្បាំងនោះ គឺច្បងបង្អស់ឈ្មោះអេលាប បន្ទាប់មកឈ្មោះអ័ប៊ីន៉ាដាប់ ហើយទី៣ឈ្មោះសាំម៉ា
14. អ្នកទាំង៣នោះបានតាមសូលទៅ ឯដាវីឌគាត់ជាកូនពៅ
15. ក៏តែងធ្លាប់ទៅមកពីសូល ទៅឯឪពុកនៅបេថ្លេហិម ដើម្បីឃ្វាលចៀម
16. រីឯសាសន៍ភីលីស្ទីនម្នាក់នោះ វាចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច ក៏ប្រកាសខ្លួនដូច្នោះ អស់រវាង៤០ថ្ងៃ។
17. នៅគ្រានោះ អ៊ីសាយប្រាប់ដាវីឌជាកូនថា ចូរឯងយកលាជ១ថាំង និងនំបុ័ង១០ដុំនេះទៅ ឲ្យដល់ពួកបងឯង នៅឯទីបោះទ័ពជាប្រញាប់ទៅ
18. ហើយនាំយកទឹកដោះខះ១០ផែននេះ ទៅជូនដល់មេទ័ពរបស់វាទៅ រួចចូរមើលដែលបងឯងសុខសប្បាយ ឬយ៉ាងណា ហើយនាំយករបស់អ្វី១ ជាគ្រឿងសំគាល់ពីវា មកវិញ
19. ចំណែកសូល និងអ្នកទាំង៣នោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន
20. ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកនឹងអ្នកគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់ ក៏បានទៅដល់ទីបោះទ័ព ក្នុងកាលដែលពួកពលកំពុងតែចេញទៅឯទីចំបាំង ទាំងស្រែកសំរែកសង្គ្រាម
21. ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេដំរៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ