43. រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា
44. រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស និងសត្វព្រៃផង
45. ដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ
46. នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត
47. ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង
48. កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌហើយ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីជួបគ្នា
49. ទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ។
50. ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួស១គ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីននោះឲ្យស្លាប់ទៅ ដោយឥតមានកាន់ដាវនៅដៃឡើយ
51. រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសំឡាប់វាទៅ ព្រមទាំងកាត់បណ្តាច់ក្បាលចេញ កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានដំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីងទៅ
52. ឯពួកអ៊ីស្រាអែល និងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីនដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅឯស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រុន
53. នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ ចូលប្លន់ទីបោះទ័ពរបស់គេ
54. ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។
55. រីឯកាលសូលទ្រង់ឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា អ័ប៊ីនើរទូលឆ្លើយថា ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ
56. ស្តេចក៏បង្គាប់ថា ចូរស៊ើបសួរមើល តើក្មេងជំទង់នេះជាកូនអ្នកណា
57. ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសំឡាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលមកនៅចំពោះសូល មានទាំងក្បាលនៃសាសន៍ភីលីស្ទីននោះកាន់នៅដៃ