37. ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណៈនោះ សូលមានព្រះបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង
38. ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ
39. នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ
40. រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។