27. គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា អ្នកណាដែលនឹងសំឡាប់វាបាន នោះនឹងបានដូច្នេះឯង។
28. គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្តីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្តីអំនួត និងសេចក្តីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ
29. តែដាវីឌឆ្លើយថា តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ
30. រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។
31. កាលគេបានឮពាក្យ ដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់សូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក
32. ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ
33. តែសូលទ្រង់មានព្រះបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ
34. នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំ ជាបាវបំរើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ
35. ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ
36. ទូលបង្គំជាបាវបំរើទ្រង់ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ
37. ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណៈនោះ សូលមានព្រះបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង
38. ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ
39. នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ
40. រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។