១ សាំយូអែល 17:25-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. រួច​ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា បាន​ឃើញ​មនុស្ស​នោះ ដែល​ឡើង​មក​ឬ​ទេ វា​បាន​ឡើង​មក ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ជា​ប្រាកដ បើ​អ្នក​ណា​សំឡាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ

26. ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្តី​ដំនៀល​ពី​អ៊ីស្រា‌អែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ

27. គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា អ្នក​ណា​ដែល​នឹង​សំឡាប់​វា​បាន នោះ​នឹង​បាន​ដូច្នេះ​ឯង។

28. គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្តី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្តី​អំនួត និង​សេចក្តី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចំបាំង​ទេ

29. តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ

30. រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។

31. កាល​គេ​បាន​ឮ​ពាក្យ ដែល​ដាវីឌ​និយាយ​ដូច្នោះ នោះ​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាវីឌ​មក

32. ដាវីឌ​ទូល​ដល់​សូល​ថា សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល‌បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ

33. តែ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​នឹង​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចំបាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ

34. នោះ​ដាវីឌ​ដំណាល​រឿង​ទូល​សូល​ថា ពី​ដើម​ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក នោះ​វេលា​ណា​ដែល​មាន​សិង្ហ ឬ​ខ្លា‌ឃ្មុំ មក​ចាប់​យក​កូន​ចៀម​ពី​ហ្វូង​ទៅ

35. ទូល‌បង្គំ​ក៏​ដេញ​តាម​ប្រហារ​វា ដោះ​ចៀម​នោះ​ឲ្យ​រួច​ចេញ​ពី​មាត់​វា​មក បើ​កាល​ណា​វា​ស្ទុះ​មក​លើ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ចាប់​វា​ត្រង់​ពុក‌ចង្កា​វាយ​សំឡាប់​ទៅ

36. ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ

១ សាំយូអែល 17