1. នៅគ្រានោះ ពួកភីលីស្ទីន គេលើកទ័ពមកដើម្បីច្បាំង ក៏មូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅកណ្តាលសូគរ និងអាសេកា ត្រង់អេភេស-ដាំមីម
2. ឯសូល និងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏ដំរៀបពល ដើម្បីច្បាំងនឹងពួកភីលីស្ទីន
3. ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលគេក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅជាកណ្តាល
4. លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកំពស់៦ហត្ថ១ចំអាម
5. ពាក់មួកលង្ហិនហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទំងន់៥ពាន់ដំឡឹង
6. ក៏មានស្រោមលង្ហិនស្រោបជើង ហើយមានប្រដាប់លង្ហិនបាំងពីខាងខ្នងដែរ
7. ឯដងលំពែងរបស់វា នោះប្រៀបដោយផ្សំនៃដំបាញ ហើយផ្លែធ្វើពីដែក ទំងន់៦០០ដំឡឹង មានអ្នកកាន់ខែលដើរពីមុខ
8. វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា ម្តេចក៏ឯងរាល់គ្នាចេញមកដំរៀបទ័ពសំរាប់ច្បាំងដូច្នេះ តើអញមិនមែនជាសាសន៍ភីលីស្ទីន ហើយឯងរាល់គ្នាជាខ្ញុំរបស់សូលទេឬអី ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងអញមើល
9. បើវាអាចនឹងតដៃសំឡាប់អញបាន នោះយើងនឹងធ្វើជាបាវបំរើឯង តែបើអញឈ្នះ ហើយសំឡាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបំរើយើងវិញ