8. រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ
9. នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា ព្រះយេហូវ៉ាទ្រង់ក៏មិនរើសយកអ្នកនេះដែរ
10. អ៊ីសាយក៏ឲ្យកូនទាំង៧នាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសអ្នកទាំងនេះឡើយ
11. ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ
12. ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ
13. សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។
14. គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់
15. នោះពួកមហាតលិករបស់សូលទូលថា មើល មានវិញ្ញាណអាក្រក់ពីព្រះមកបំភ័យទ្រង់ហើយ
16. ដូច្នេះ សូមឲ្យព្រះអម្ចាស់នៃយើងខ្ញុំ បង្គាប់ដល់យើងខ្ញុំ ជាពួកអ្នកបំរើរបស់ទ្រង់ ដែលនៅចំពោះទ្រង់នេះ ឲ្យរកមនុស្សម្នាក់ដែលប្រសប់ចាប់ស៊ុងមក ដើម្បីកាលណាវិញ្ញាណអាក្រក់ពីព្រះ បានមកសណ្ឋិតលើទ្រង់ នោះគេនឹងចាប់លេងឡើង ឲ្យទ្រង់បានធូរព្រះទ័យថយទៅ
17. សូលក៏មានព្រះបន្ទូលទៅពួកអ្នកបំរើថា ដូច្នេះ ចូរទៅរកមនុស្សម្នាក់ដែលចេះលេងពីរោះឲ្យយើង ហើយនាំវាមកចុះ