14. គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់
15. នោះពួកមហាតលិករបស់សូលទូលថា មើល មានវិញ្ញាណអាក្រក់ពីព្រះមកបំភ័យទ្រង់ហើយ
16. ដូច្នេះ សូមឲ្យព្រះអម្ចាស់នៃយើងខ្ញុំ បង្គាប់ដល់យើងខ្ញុំ ជាពួកអ្នកបំរើរបស់ទ្រង់ ដែលនៅចំពោះទ្រង់នេះ ឲ្យរកមនុស្សម្នាក់ដែលប្រសប់ចាប់ស៊ុងមក ដើម្បីកាលណាវិញ្ញាណអាក្រក់ពីព្រះ បានមកសណ្ឋិតលើទ្រង់ នោះគេនឹងចាប់លេងឡើង ឲ្យទ្រង់បានធូរព្រះទ័យថយទៅ
17. សូលក៏មានព្រះបន្ទូលទៅពួកអ្នកបំរើថា ដូច្នេះ ចូរទៅរកមនុស្សម្នាក់ដែលចេះលេងពីរោះឲ្យយើង ហើយនាំវាមកចុះ
18. ខណៈនោះ មានមនុស្សកំឡោះម្នាក់ ទូលឆ្លើយថា ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចំបាំងក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាទ្រង់ក៏គង់ជាមួយនឹងអ្នកនោះ
19. ដូច្នេះ សូលទ្រង់ចាត់គេឲ្យទៅឯអ៊ីសាយប្រាប់ថា សូមឲ្យដាវីឌ ជាកូនអ្នក ដែលកំពុងតែឃ្វាលចៀម មកឯយើង
20. អ៊ីសាយក៏យកលា១ផ្ទុកដោយនំបុ័ង ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ និងកូនពពែ១ ផ្ញើទៅជាមួយនឹងដាវីឌជាកូន ថ្វាយដល់សូល
21. ដាវីឌក៏មកឯសូល ហើយឈរបំរើនៅចំពោះទ្រង់ ក៏ជាទីគាប់ដល់ព្រះទ័យទ្រង់ណាស់ ហើយបានធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់
22. រួចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា សូមឲ្យដាវីឌឈរបំរើនៅមុខយើងចុះ ពីព្រោះយើងពេញចិត្តនឹងវាណាស់
23. ដូច្នេះ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។