1. គ្រានោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ
2. តែសាំយូអែលប្រកែកថា ធ្វើដូចម្តេចឲ្យទូលបង្គំទៅបាន ដ្បិតបើសូលបានឮ នោះទ្រង់នឹងសំឡាប់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរយកគោក្រមុំ១នាំទៅជាមួយផងដោយថា ខ្ញុំបានមក ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
3. រួចចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះអញនឹងបង្ហាញឲ្យឯងដឹងជាត្រូវធ្វើយ៉ាងណា ត្រូវឲ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឲ្យអញ
4. ដូច្នេះ សាំយូអែលក៏ធ្វើ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកលោក បានទៅដល់បេថ្លេហិម ឯពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា លោកអញ្ជើញមកដោយមេត្រីទេឬអី
5. លោកឆ្លើយថា ដោយមេត្រីទេ ខ្ញុំបានមកដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា លោកក៏ញែកអ៊ីសាយនឹងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។
6. កាលបានចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ
7. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ
8. រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ
9. នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា ព្រះយេហូវ៉ាទ្រង់ក៏មិនរើសយកអ្នកនេះដែរ
10. អ៊ីសាយក៏ឲ្យកូនទាំង៧នាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសអ្នកទាំងនេះឡើយ
11. ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ
12. ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ