8. ក៏ចាប់បានអ័កាក់ ជាស្តេចសាសន៍អាម៉ាលេក មកទាំងរស់ តែកាប់រំលីងពួកជនដោយមុខដាវ
9. ឯអ័កាក់នោះសូល និងពួកទ័ព បានទុកឲ្យនៅវិញ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឲ្យអស់រលីងទេ តែឯសត្វណាដែលស្គមស្គាំងមានដំឡៃតិច នោះគេបានបំផ្លាញចេញទាំងអស់វិញ។
10. ខណៈនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាំយូអែលថា
11. អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ នោះសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញ១យប់
12. រួចក្រោកឡើងពីព្រលឹម ដើម្បីនឹងទៅជួបនឹងសូលក្នុងព្រឹកនោះ មានគេជំរាបសាំយូអែលថា សូលទ្រង់បានយាងមកដល់កើមែលហើយ មើល ទ្រង់បានដំឡើងគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅឯគីលកាលវិញ
13. ដូច្នេះ សាំយូអែលក៏ទៅឯទ្រង់ ទ្រង់ទទួលដោយព្រះបន្ទូលថា សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសំរេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ
14. តែសាំយូអែលទូលឆ្លើយថា ចុះដូចម្តេចបានជាឮសូរសព្ទចៀម ហើយនឹងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ
15. សូលទ្រង់ឆ្លើយថា គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សំរាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ
16. នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះ សូមមានប្រសាសន៍ចុះ។
17. សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ
18. ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាលេកកំបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេដរាបដល់វិនាសបាត់ទាំងអស់ចេញ
19. ដូច្នេះ ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ
20. តែសូលទ្រង់ឆ្លើយប្រកែកថា ខ្ញុំបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ