3. ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាលេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវឲ្យសំឡាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម និងអូដ្ឋ ហើយនឹងលាដែរ។
4. ដូច្នេះ សូលទ្រង់ក៏កេណ្ឌប្រមូលបណ្តាជន ហើយគណនារាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួន២សែននាក់ និងពួកយូដា១ម៉ឺននាក់ទៀត
5. រួចសូលទ្រង់ក៏នាំទៅឯទីក្រុងរបស់ពួកអាម៉ាលេក ហើយបង្កប់ពលនៅវាលច្រកភ្នំ
6. ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសំដែងសេចក្តីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ
7. រួចសូលទ្រង់វាយពួកអាម៉ាលេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ