17. សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ
18. ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាលេកកំបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេដរាបដល់វិនាសបាត់ទាំងអស់ចេញ
19. ដូច្នេះ ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ
20. តែសូលទ្រង់ឆ្លើយប្រកែកថា ខ្ញុំបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ
21. ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃលោកនៅត្រង់គីលកាល