11. អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ នោះសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញ១យប់
12. រួចក្រោកឡើងពីព្រលឹម ដើម្បីនឹងទៅជួបនឹងសូលក្នុងព្រឹកនោះ មានគេជំរាបសាំយូអែលថា សូលទ្រង់បានយាងមកដល់កើមែលហើយ មើល ទ្រង់បានដំឡើងគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅឯគីលកាលវិញ
13. ដូច្នេះ សាំយូអែលក៏ទៅឯទ្រង់ ទ្រង់ទទួលដោយព្រះបន្ទូលថា សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសំរេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ
14. តែសាំយូអែលទូលឆ្លើយថា ចុះដូចម្តេចបានជាឮសូរសព្ទចៀម ហើយនឹងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ
15. សូលទ្រង់ឆ្លើយថា គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សំរាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ
16. នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះ សូមមានប្រសាសន៍ចុះ។