34. រួចទ្រង់បង្គាប់ថា ចូរទៅក្នុងពួកទ័ពប្រាប់គេឲ្យដឹកនាំយកគោ និងចៀមមកឯអញ ដើម្បីនឹងសំឡាប់បរិភោគនៅទីនេះវិញ កុំឲ្យធ្វើបាបនឹងព្រះយេហូវ៉ា ដោយបរិភោគសាច់ដែលជាប់ទាំងឈាមដូច្នេះឡើយ ដូច្នេះ នៅយប់នោះ គ្រប់គ្នាក៏ដឹកនាំគោរបស់ខ្លួនទៅសំឡាប់នៅទីនោះ
35. ឯសូលទ្រង់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នោះឯងជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។
36. លំដាប់នោះសូលទ្រង់មានព្រះបន្ទូលថា ចូរយើងចុះទៅទាំងយប់តាមពួកភីលីស្ទីន ដើម្បីនឹងវាយគេរហូតដល់ភ្លឺ កុំឲ្យយើងទុកគេឲ្យសល់ដល់ម្នាក់ឡើយ គេទទួលថា សូមទ្រង់សំរេច តាមដែលយល់ថាស្រួលចុះ នោះសង្ឃមានវាចាថា ចូរយើងរាល់គ្នាមូលមកឯព្រះនៅទីនេះសិន
37. សូលទ្រង់ក៏ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំចុះទៅតាមពួកភីលីស្ទីនឬអី តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃពួកអ៊ីស្រាអែលឬទេ តែនៅថ្ងៃនោះ ព្រះទ្រង់មិនបានឆ្លើយតបមកសោះ
38. ដូច្នេះ សូលទ្រង់ប្រាប់ថា ចូរមកឯណេះ ពួកអ្នកដែលជាមេលើរាស្ត្រអើយ ដើម្បីនឹងពិចារណាមើល ឲ្យដឹងជាកើតមានបាបយ៉ាងណានៅថ្ងៃនេះ
39. ដ្បិតយើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ ដែលទ្រង់បានជួយសង្គ្រោះពួកអ៊ីស្រាអែលថា ទោះបើបាបនោះ នៅលើរូបយ៉ូណាថាន ជាកូនយើងក៏ដោយគង់តែវានឹងត្រូវស្លាប់ទៅជាប្រាកដ ក្នុងពួកពលទ័ពគ្មានអ្នកណា១ឆ្លើយឡើងសោះ
40. រួចទ្រង់មានព្រះបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សំរេចតាមព្រះទ័យចុះ
41. ដូច្នោះ សូលក៏ទូលដល់ព្រះយេហូវ៉ាថា ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមឲ្យយើងខ្ញុំដឹងការខុសត្រូវនេះ នោះគេចាប់ឆ្នោតត្រូវលើរូបយ៉ូណាថាន ហើយនឹងសូល តែឯពួកបណ្តាទ័ពគេរួចខ្លួនវិញ
42. រួចសូលទ្រង់ប្រាប់ថា ដូច្នេះ ចូរចាប់ឆ្នោតឲ្យយើង ហើយនឹងយ៉ូណាថាន ជាកូនយើងទៀត នោះឆ្នោតក៏ត្រូវលើរូបយ៉ូណាថាន។
43. លំដាប់នោះ សូលមានព្រះបន្ទូលទៅយ៉ូណាថានថា ចូរប្រាប់ដល់អញ តើឯងបានធ្វើអ្វី យ៉ូណាថានទូលថា ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល ទូលបង្គំត្រូវស្លាប់ដែរហ្ន៎
44. សូលមានព្រះបន្ទូលថា ឱយ៉ូណាថានអើយ បើឯងមិនត្រូវស្លាប់ជាពិតប្រាកដ នោះសូមឲ្យព្រះទ្រង់ធ្វើដល់អញដូច្នោះ ហើយលើសទៅទៀតផង
45. តែពួកបណ្តាទ័ពទូលសួរដល់សូលថា ឯយ៉ូណាថានដែលបាននាំឲ្យមានសេចក្តីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬអី មិនត្រូវឲ្យបានដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់១សរសៃជ្រុះពីក្បាលរបស់លោកផង ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយនឹងព្រះទេតើ ដូច្នេះ ពួកបណ្តាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ
46. នោះសូលទ្រង់ក៏លែងដេញតាមពួកភីលីស្ទីន ហើយពួកភីលីស្ទីន គេវិលទៅឯកន្លែងគេរៀងខ្លួនទៅ។
47. រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន និងសាសន៍អេដំម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប
48. ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាលេក ហើយជួយដោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។
49. រីឯបុត្រារបស់សូល នោះគឺយ៉ូណាថាន១ យីសវី១ និងម៉ាលគី-ស៊ូអា១ ឯបុត្រីទាំង២អង្គ នោះគឺនាងបងព្រះនាមជាម៉្រាប ហើយប្អូនព្រះនាមជាមីកាល
50. ឯជាយារបស់ទ្រង់ព្រះនាមជាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ទ្រង់ឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល
51. ដ្បិតគីស ដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីនើរ នោះទាំង២នាក់ជាកូនអ័បៀល។
52. នៅអស់១ជីវិតរបស់សូល នោះចេះតែមានចំបាំងច្បាំងនឹងពួកភីលីស្ទីនជាខ្លាំង ហើយកាលណាសូលទ្រង់ឃើញមនុស្សណាខ្លាំងពូកែ ឬក្លាហាន នោះទ្រង់ក៏យកអ្នកនោះមកក្នុងពលទ័ពរបស់ទ្រង់។