3. ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗ ជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ
4. រីឯនៅកណ្តាលច្រកភ្នំ ដែលយ៉ូណាថានចង់ឆ្លង ទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ ១ឈ្មោះបូសេស ហើយ១ទៀតឈ្មោះសេនេ
5. មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយ១នៅខាងត្បូងទល់មុខនឹងកេបា។
6. យ៉ូណាថានក៏ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ
7. ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា សូមសំរេចតាមតែលោកចុះ ចង់បែរទៅខាងណាក៏តាមតែចិត្ត មើល ខ្ញុំនៅជាមួយនឹងលោកស្រាប់
8. ដូច្នេះ យ៉ូណាថានប្រាប់ថា មើល យើងនឹងឆ្លងទៅឯមនុស្សទាំងនោះ រួចសំដែងខ្លួនយើងឲ្យគេឃើញ