28. នោះមានម្នាក់ជំរាបថា បិតាលោកបានហាមយើងខ្ញុំដោយពាក្យសម្បថថា អ្នកណាដែលបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្តាសា រីឯពួកបណ្តាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់
29. ដូច្នេះ យ៉ូណាថានមានវាចាថា បិតាអញបាននាំឲ្យស្រុកយើងមានវេទនាហើយ មើល អញបានស្វាងភ្នែកឡើងដោយសារតែភ្លក់ទឹកឃ្មុំបន្តិចនេះ
30. ចុះចំណង់បើពួកទ័ពបានបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ តាមចិត្តនៅថ្ងៃនេះ នោះតើនឹងវិសេសជាជាងអម្បាលម៉ានទៅទៀត យ៉ាងនោះនឹងបានប្រហារជីវិតពួកភីលីស្ទីន រឹតតែច្រើនលើសទៅទៀត។
31. នៅថ្ងៃនោះឯង គេក៏វាយពួកភីលីស្ទីន ចាប់តាំងពីមីកម៉ាស រហូតដល់អាយ៉ាឡូន ហើយពួកបណ្តាទ័ពគេល្វើយខ្លាំងណាស់
32. ដូច្នោះ គេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ និងកូនគោ ទៅសំឡាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង
33. ខណៈនោះ មានគេទូលដល់សូលថា មើល ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង នោះទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះ ចូរប្រមៀលថ្ម១យ៉ាងធំ មកឯអញឥឡូវ
34. រួចទ្រង់បង្គាប់ថា ចូរទៅក្នុងពួកទ័ពប្រាប់គេឲ្យដឹកនាំយកគោ និងចៀមមកឯអញ ដើម្បីនឹងសំឡាប់បរិភោគនៅទីនេះវិញ កុំឲ្យធ្វើបាបនឹងព្រះយេហូវ៉ា ដោយបរិភោគសាច់ដែលជាប់ទាំងឈាមដូច្នេះឡើយ ដូច្នេះ នៅយប់នោះ គ្រប់គ្នាក៏ដឹកនាំគោរបស់ខ្លួនទៅសំឡាប់នៅទីនោះ
35. ឯសូលទ្រង់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នោះឯងជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។