19. កាលសូលកំពុងតែមានព្រះបន្ទូលនឹងសង្ឃនៅឡើយ នោះសូរអឺងកងដែលឮពីទីបោះទ័ពរបស់ពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើង ដូច្នេះ សូលប្រាប់ដល់សង្ឃថា ចូរដកដៃមកវិញ
20. រួចទ្រង់នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅឯទីចំបាំង ហើយឃើញមានការច្របូកច្របល់យ៉ាងសំបើម ដោយកំពុងតែកាប់ចាក់គ្នាគេ
21. រីឯពួកហេព្រើរដែលនៅជាមួយនឹងពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយនឹងគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយនឹងសូល ហើយនឹងយ៉ូណាថានវិញ
22. កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានដែលពួននៅស្រុកភ្នំអេប្រាអិមបានឮថា ពួកភីលីស្ទីនរត់ដូច្នោះ នោះគេក៏ដេញតាមច្បាំងយ៉ាងប្រកិតដែរ
23. ដូច្នេះ ព្រះយេហូវ៉ា ទ្រង់បានជួយសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះឯង ហើយចំបាំងច្បាំងគ្នានោះក៏ឆ្លងទៅ រហូតដល់បេត-អាវេនវិញ។
24. នៅថ្ងៃនោះ ពួកអ៊ីស្រាអែលមានសេចក្តីវេទនាណាស់ ដ្បិតសូលទ្រង់បានឲ្យគេស្បថថា អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាអញបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្តាសា ហេតុនោះបានជាក្នុងពួកគេ គ្មានអ្នកណាមួយហ៊ានបរិភោគអ្វីឡើយ
25. គេក៏បានដល់ទៅក្នុងព្រៃ នោះឃើញមានសំណុំទឹកឃ្មុំនៅលើដី
26. ដ្បិតកាលគេចូលទៅ នោះឃើញសំណុំទឹកឃ្មុំធ្លាក់ចុះមក តែគ្មានអ្នកណាហ៊ានលូកដៃចាប់ដាក់ដល់មាត់ឡើយ ពីព្រោះគេខ្លាចពាក្យសម្បថនោះ
27. តែយ៉ូណាថានឥតបានឮ ក្នុងកាលបិតាបង្គាប់គេដោយពាក្យសម្បថទេ បានជាលោកលូកចុងដំបង ដែលកាន់នៅដៃទៅចាក់សំណុំឃ្មុំ យកមកបរិភោគទៅ ស្រាប់តែភ្នែកលោកក៏ស្វាងឡើង