1. ថ្ងៃ១យ៉ូណាថាន ជាបុត្រាសូល ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ
2. ឯសូល ទ្រង់នៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជា៦០០នាក់ផង
3. ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗ ជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ
4. រីឯនៅកណ្តាលច្រកភ្នំ ដែលយ៉ូណាថានចង់ឆ្លង ទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ ១ឈ្មោះបូសេស ហើយ១ទៀតឈ្មោះសេនេ
5. មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយ១នៅខាងត្បូងទល់មុខនឹងកេបា។
6. យ៉ូណាថានក៏ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ
7. ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា សូមសំរេចតាមតែលោកចុះ ចង់បែរទៅខាងណាក៏តាមតែចិត្ត មើល ខ្ញុំនៅជាមួយនឹងលោកស្រាប់
8. ដូច្នេះ យ៉ូណាថានប្រាប់ថា មើល យើងនឹងឆ្លងទៅឯមនុស្សទាំងនោះ រួចសំដែងខ្លួនយើងឲ្យគេឃើញ
9. បើគេនិយាយនឹងយើងដូច្នេះថា ចូរចាំយើងចុះមកឯឯងសិន នោះយើងនឹងឈររង់នៅឥតឡើងទៅឯគេឡើយ