2. នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀត នៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
3. គ្រានោះយ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលទ្រង់ផ្លុំត្រែឡើង នៅពេញក្នុងស្រុកដោយថា ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ
4. ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ឮថា សូលបានវាយបន្ទាយរបស់ពួកភីលីស្ទីនហើយ គេក៏ដឹងថា ពួកភីលីស្ទីនស្អប់ខ្ពើម ដល់សាសន៍អ៊ីស្រាអែលដែរ នោះបណ្តាជនទាំងឡាយ គេមូលគ្នាទៅឯសូល នៅត្រង់គីលកាល។
5. ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចំបាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនឹងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមក បោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន
6. កាលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ពីព្រោះបណ្តាទ័ពមានសេចក្តីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាងក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន
7. រីឯពួកហេព្រើរខ្លះ គេក៏ឆ្លងទន្លេយ័រដាន់ ទៅឯស្រុកកាឌ់ ហើយនឹងស្រុកកាឡាតទៅ តែសូលទ្រង់នៅត្រង់គីលកាលនៅឡើយ ហើយបណ្តាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។
8. ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ
9. ដូច្នេះ ទ្រង់មានព្រះបន្ទូលថា ចូរយកដង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងដង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយដង្វាយដុតនោះទៅ
10. តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក