13. សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ និងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ
14. តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រង លើពួករាស្ត្រទ្រង់វិញ ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ
15. រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពីគីលកាល ទៅឯគីបៀរ នៅស្រុកបេនយ៉ាមីនទៅ។
16. លំដាប់នោះ សូលទ្រង់ក៏រាប់ពួកបណ្តាទ័ព ដែលនៅជាមួយនឹងទ្រង់បានប្រហែលជា៦០០នាក់ រួចសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ព្រមទាំងពួករាស្ត្រដែលនៅជាមួយ ក៏នៅត្រង់កេបា ក្នុងស្រុកបេនយ៉ាមីន តែឯពួកភីលីស្ទីន គេបោះទ័ពនៅត្រង់មីកម៉ាស
17. គ្រានោះមានពួកទ័ពបំផ្លាញ៣ពួក ចេញពីទីបោះទ័ពរបស់ពួកភីលីស្ទីនមក គឺ១ពួកចេញតាមផ្លូវ ដែលទៅឯអូប្រា នៅស្រុកស៊ូអាល
18. មួយទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយ១ទៀតចេញតាមផ្លូវព្រំប្រទល់ នៅមុខវាលច្រកភ្នំសេបោមខាងឯទីរហោស្ថាន។
19. រីឯនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល នោះគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសំរាប់ខ្លួន
20. ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនឹងកណ្តៀវរបស់គេរៀងខ្លួន
21. គេមានតែដែកឆាបសំរាប់សំលៀងកណ្តៀវ ចបកាប់ និងពូថៅ ហើយសំរាប់សំរួចសមចូក និងជន្លួញប៉ុណ្ណោះទេ
22. ដូច្នេះ នៅថ្ងៃចំបាំង នោះគ្មានអ្នកណាមួយ ខាងសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែសូល ហើយនឹងយ៉ូណាថាន ជាបុត្រាទ្រង់ប៉ុណ្ណោះ
23. ឯពួកបន្ទាយ១នៃសាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។