2. ឥឡូវនេះ មើល ស្តេចទ្រង់យាងនៅមុខអ្នករាល់គ្នា ឯខ្ញុំៗចាស់ហើយ សក់ខ្ញុំក៏ស្កូវផង ហើយមើល កូនខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបានដើរនៅមុខអ្នករាល់គ្នាតាំងតែពីក្មេង ដរាបដល់ថ្ងៃនេះ
3. ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ
4. តែគេឆ្លើយឡើងថា លោកមិនដែលបំភាន់បំបាត់ ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ
5. រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វី នៅក្នុងដៃខ្ញុំសោះឡើយ នោះគេទទួលថា ទ្រង់ជាទីបន្ទាល់មែនហើយ។
6. នោះសាំយូអែលថ្លែងប្រាប់ដល់ពួកជនថា គឺព្រះយេហូវ៉ាដែលបានតាំងម៉ូសេ និងអើរ៉ុនឡើង ព្រមទាំងនាំពួកអយ្យកោអ្នករាល់គ្នាឡើងពីស្រុកអេស៊ីព្ទមក
7. ដូច្នេះ ឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាឈរនឹងនៅ ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងការសុចរិត ដែលទ្រង់បានប្រព្រឹត្តនឹងអ្នករាល់គ្នា ហើយនឹងពួកអយ្យកោអ្នករាល់គ្នា