2. ឥឡូវនេះ មើល ស្តេចទ្រង់យាងនៅមុខអ្នករាល់គ្នា ឯខ្ញុំៗចាស់ហើយ សក់ខ្ញុំក៏ស្កូវផង ហើយមើល កូនខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបានដើរនៅមុខអ្នករាល់គ្នាតាំងតែពីក្មេង ដរាបដល់ថ្ងៃនេះ
3. ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ
4. តែគេឆ្លើយឡើងថា លោកមិនដែលបំភាន់បំបាត់ ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ
5. រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វី នៅក្នុងដៃខ្ញុំសោះឡើយ នោះគេទទួលថា ទ្រង់ជាទីបន្ទាល់មែនហើយ។
6. នោះសាំយូអែលថ្លែងប្រាប់ដល់ពួកជនថា គឺព្រះយេហូវ៉ាដែលបានតាំងម៉ូសេ និងអើរ៉ុនឡើង ព្រមទាំងនាំពួកអយ្យកោអ្នករាល់គ្នាឡើងពីស្រុកអេស៊ីព្ទមក
7. ដូច្នេះ ឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាឈរនឹងនៅ ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងការសុចរិត ដែលទ្រង់បានប្រព្រឹត្តនឹងអ្នករាល់គ្នា ហើយនឹងពួកអយ្យកោអ្នករាល់គ្នា
8. គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ ហើយពួកអយ្យកោនៃអ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅនាំពួកអយ្យកោ នៃអ្នករាល់គ្នាចេញ ពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ
9. ប៉ុន្តែ គេបានភ្លេចចោលព្រះយេហូវ៉ាជាព្រះនៃគេវិញ រួចទ្រង់បានលក់គេ ទៅក្នុងកណ្តាប់ដៃនៃស៊ីសេរ៉ា ជាមេទ័ព នៃក្រុងហាសោរ ហើយទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីន និងទៅក្នុងកណ្តាប់ដៃនៃស្តេចសាសន៍ម៉ូអាប់ ដែលបានមកច្បាំងនឹងគេ
10. គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះយេហូវ៉ា បែរទៅគោរពប្រតិបត្តិដល់ព្រះបាល និងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមទ្រង់ជួយឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ទ្រង់វិញ
11. នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល និងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ
12. តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ ប៉ុន្តែ គឺព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នាវិញ
13. ដូច្នេះ មើល ស្តេចនេះហើយ ដែលអ្នករាល់គ្នាបានរើស ហើយបានសូមនោះ មើល ព្រះយេហូវ៉ាទ្រង់បានតាំងស្តេចឲ្យសោយរាជ្យលើអ្នករាល់គ្នាហើយ
14. បើសិនជាអ្នករាល់គ្នានឹងកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឥតទាស់ទទឹងនឹងសេចក្តីបញ្ញត្តណាមួយ ហើយទាំងខ្លួនអ្នករាល់គ្នា និងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ