១ សាំយូអែល 12:10-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ សូម​ទ្រង់​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​វិញ

11. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ចាត់​យេរូ-បាល និង​សាំយូ‌អែល​មក​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំវិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ

12. តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ

13. ដូច្នេះ មើល ស្តេច​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​រើស ហើយ​បាន​សូម​នោះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ហើយ

14. បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​កោត‌ខ្លាច ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឥត​ទាស់​ទទឹង​នឹង​សេចក្តី​បញ្ញត្ត​ណា​មួយ ហើយ​ទាំង​ខ្លួន​អ្នក​រាល់​គ្នា និង​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នឹង​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក នោះ​បាន​ល្អ​ហើយ

15. ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ទេ គឺ​ទាស់​ទទឹង​នឹង​សេចក្តី​បញ្ញត្ត​របស់​ទ្រង់​វិញ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ទាស់​នឹង​អ្នក​រាល់​គ្នា ដូច​ជា​បាន​ទាស់​នឹង​ពួក​អយ្យកោ​នៃ​អ្នក​រាល់​គ្នា​ដែរ

16. ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ចាំ​មើល​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ចុះ

17. នៅ​រដូវ​នេះ តើ​មិន​មែន​ជា​ចំរូត​នៃ​ស្រូវ​ភោជ្ជ‌សាលី​ទេ​ឬ​អី តែ​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ទឹក​ភ្លៀង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង ហើយ​ឃើញ​ជាក់​ថា ទោស​របស់​អ្នក​រាល់​គ្នា​ជា​ធ្ងន់​ក្រៃលែង នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​បាន​សូម​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​នេះ

18. នោះ​សាំយូ‌អែល​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ទឹក​ភ្លៀង​ធ្លាក់​ចុះ​មក​នៅ​ថ្ងៃ​នោះ​ឯង ដូច្នេះ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​សាំយូ‌អែល​ជា​ខ្លាំង។

19. រួច​បណ្តា‌ជន​ក៏​សូម​ដល់​សាំយូ‌អែល​ថា សូម​ឲ្យ​លោក​មេត្តា​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​យើង​ខ្ញុំ​បាន​បន្ថែម​ការ​អាក្រក់​នេះ ក្នុង​អំពើ​បាប​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន​ហើយ ដោយ​បាន​សូម​ស្តេច​សំរាប់​យើង​ខ្ញុំ​នេះ

20. សាំយូ‌អែល​ឆ្លើយ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំង​នេះ​មែន ប៉ុន្តែ កុំ​ឲ្យ​តែ​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀត គឺ​ត្រូវ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត​ចុះ

21. កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រយោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់

22. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បោះ‌បង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ និង​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់

23. មួយ​ទៀត ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ

24. សូម​ឲ្យ​តែ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ដោយ​ស្មោះ‌ត្រង់ ហើយ​អស់​អំពី​ចិត្ត​ផង​ប៉ុណ្ណោះ ដ្បិត​ចូរ​ពិចារណា​មើល​ការ​ដ៏​ធំ​វិសេស​ទាំង​ម៉្លេះ ដែល​ទ្រង់​បាន​ប្រោស​ដល់​អ្នក​រាល់​គ្នា​ហើយ

១ សាំយូអែល 12