10. គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះយេហូវ៉ា បែរទៅគោរពប្រតិបត្តិដល់ព្រះបាល និងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមទ្រង់ជួយឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ទ្រង់វិញ
11. នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល និងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ
12. តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ ប៉ុន្តែ គឺព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នាវិញ
13. ដូច្នេះ មើល ស្តេចនេះហើយ ដែលអ្នករាល់គ្នាបានរើស ហើយបានសូមនោះ មើល ព្រះយេហូវ៉ាទ្រង់បានតាំងស្តេចឲ្យសោយរាជ្យលើអ្នករាល់គ្នាហើយ
14. បើសិនជាអ្នករាល់គ្នានឹងកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឥតទាស់ទទឹងនឹងសេចក្តីបញ្ញត្តណាមួយ ហើយទាំងខ្លួនអ្នករាល់គ្នា និងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ
15. ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះយេហូវ៉ាទេ គឺទាស់ទទឹងនឹងសេចក្តីបញ្ញត្តរបស់ទ្រង់វិញ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងបានទាស់នឹងអ្នករាល់គ្នា ដូចជាបានទាស់នឹងពួកអយ្យកោនៃអ្នករាល់គ្នាដែរ
16. ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ាទ្រង់នឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ
17. នៅរដូវនេះ តើមិនមែនជាចំរូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ