9. រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្តីអំណរឡើងជាខ្លាំង
10. ដូច្នេះ ពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ
11. លុះដល់ថ្ងៃស្អែកឡើង សូលលោករៀបពលទ័ពជា៣កង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ ដរាបដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ។
12. ស្រេចហើយ បណ្តាជនគេជំរាបដល់សាំយូអែលថា អ្នកណាដែលថា តើត្រូវឲ្យសូលសោយរាជ្យលើយើងឬអី ចូរនាំអ្នកទាំងនោះមក ឲ្យយើងសំឡាប់ចោលចេញ
13. តែសូលប្រកែកថា នៅថ្ងៃនេះ មិនត្រូវឲ្យសំឡាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្តីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។
14. នោះសាំយូអែលប្រាប់ដល់បណ្តាជនទាំងឡាយថា ចូរឲ្យយើងរាល់គ្នាទៅឯគីលកាល ដើម្បីនឹងតាំងនគរឡើងជាថ្មីទៀត
15. ដូច្នេះ គេក៏ទៅឯគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូល និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្តីអំណរអរសប្បាយឡើងជាខ្លាំង។