1. សម័យនោះ ណាហាស ជាសាសន៍អាំម៉ូន ក៏ឡើងមកបោះទ័ពទាស់នឹងក្រុងយ៉ាបេស-កាឡាត ឯពួកមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន គេនិយាយនឹងណាហាសថា ដូច្នេះ សូមឲ្យតាំងសេចក្តីសញ្ញានឹងយើងខ្ញុំចុះ នោះយើងខ្ញុំនឹងចំណុះចំពោះលោក
2. តែណាហាសជាសាសន៍អាំម៉ូនឆ្លើយថា លុះត្រាតែឲ្យអញចាក់ភ្នែកខាងស្តាំរបស់ឯងរាល់គ្នាឲ្យខ្វាក់ នោះទើបអញនឹងព្រមតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ដើម្បីនឹងយកការនោះទុកសំរាប់ជាសេចក្តីដំនៀលដល់សាសន៍អ៊ីស្រាអែល
3. នោះពួកចាស់ទុំនៅក្រុងយ៉ាបេសក៏អង្វរថា សូមមេត្តាបង្អង់ឲ្យយើងខ្ញុំបាន៧ថ្ងៃសិន ដើម្បីនឹងចាត់គេឲ្យទៅប្រាប់គ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល រួចបើគ្មានអ្នកណានឹងមកជួយយើងខ្ញុំទេ នោះយើងខ្ញុំនឹងចេញមក ចុះចូលនឹងលោក
4. ដូច្នេះ ពួកអ្នកទាំងនោះ ក៏មកថ្លែងប្រាប់ដល់បណ្តាមនុស្ស នៅត្រង់គីបៀរ ជាស្រុករបស់សូល ឲ្យស្តាប់ នោះគេឡើងសំឡេងយំគ្រប់គ្នា
5. ខណៈនោះ សូលកំពុងតែកៀងហ្វូងគោមកពីវាល ក៏សួរថា តើមានកើតហេតុភេទអ្វី បានជាយំដូច្នេះ នោះគេជំរាបលោកតាមពាក្យនៃពួកមនុស្សនៅយ៉ាបេសសព្វគ្រប់។
6. កាលលោកបានឮហើយ នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង ហើយសេចក្តីកំហឹងរបស់លោកក៏ឆួលឆេះឡើង
7. លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែលនោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្តីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់
8. ឯសូលលោករាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួន៣សែននាក់ ហើយពួកយូដា៣ម៉ឺននាក់
9. រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្តីអំណរឡើងជាខ្លាំង
10. ដូច្នេះ ពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ
11. លុះដល់ថ្ងៃស្អែកឡើង សូលលោករៀបពលទ័ពជា៣កង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ ដរាបដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ។