១ សាំយូអែល 10:6-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ

7. កាល​ណា​ទី​សំគាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ហើយ

8. រួច​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​ឯ​អ្នក ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី ចូរ​អ្នក​អង់‌ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។

9. ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​សូល​បាន​បែរ​ចេញ​ពី​សាំយូ‌អែល​ទៅ នោះ​ព្រះ​ទ្រង់​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី​សំគាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ​ឯង

10. កាល​គេ​ទៅ​ដល់​ភ្នំ​ហើយ នោះ​មើល មាន​ពួក​ហោរា​មក​ជួប​នឹង​គាត់ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​គាត់​បណ្តាល​ឡើង​ជា​ខ្លាំង រួច​គាត់​ទាយ​នៅ​កណ្តាល​ពួក​នោះ

11. កាល​ពួក​អ្នក​ដែល​ស្គាល់​គាត់​ពី​មុន បាន​ឃើញ​គាត់​ទាយ ជា​មួយ​នឹង​ពួក​ហោរា​ដូច្នោះ នោះ​គេ​និយាយ​គ្នា​ថា តើ​មាន​កើត​អ្វី​ដល់​កូន​គីស​នេះ តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

12. រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក សេចក្តី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

13. កាល​គាត់​ឈប់​ទាយ​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់។

14. ឯ​មា​របស់​សូល ក៏​សួរ​ដល់​គាត់ និង​អ្នក​បំរើ​ថា តើ​ឯង​បាន​ទៅ​ឯ​ណា គាត់​ឆ្លើយ​ថា បាន​ទៅ​រក​ហ្វូង​លា តែ​កាល​យើង​ខ្ញុំ​រក​វា​នៅ​ទី​ណា​មិន​ឃើញ នោះ​ក៏​ទៅ​ឯ​លោក​សាំយូ‌អែល

15. រួច​មា​របស់​សូល​សួរ​ថា ចូរ​ប្រាប់​ដល់​អញ តើ​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នឹង​ឯង​ដូច​ម្តេច​ខ្លះ

16. នោះ​សូល​ឆ្លើយ​ជំរាប​មា​ថា លោក​បាន​ប្រាប់​យើង​ខ្ញុំ​ជា​ច្បាស់​ថា លា​បាន​ឃើញ​ហើយ តែ​ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជំរាប​ដល់​មា​ទេ។

17. នៅ​គ្រា​នោះ សាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា

18. រួច​ប្រាប់​ដល់​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា អញ​បាន​នាំ​ពួក​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្តាប់​ដៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​ឯង

19. តែ​នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្តី​វេទនា​របស់​ឯង ឥឡូវ​នេះ​ឯង​រាល់​គ្នា​បាន​ទូល​ទ្រង់​ថា សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ

20. សាំយូ‌អែល ក៏​ឲ្យ​ពូជ​អំបូរ នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ចូល​មក ហើយ​ព្រះ​ទ្រង់​រើស​យក​ពូជ​អំបូរ​បេន‌យ៉ា‌មីន

21. រួច​លោក​ឲ្យ​ពូជ​អំបូរ​នោះ​ចូល​មក​តាម​គ្រួ​គេ ហើយ​រើស​យក​បាន​គ្រួ​ម៉ាទ្រី ត្រូវ​លើ​រូប​សូល​ជា​កូន​គីស តែ​កាល​គេ​រក​គាត់ នោះ​មិន​ឃើញ​សោះ

22. ដូច្នេះ គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់

23. គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្តាល​ពួក​ជន នោះ​គាត់​មាន​កំពស់​ជាង​គេ​ទាំង​អស់ ឯ​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ត្រឹម​តែ​ស្មា​របស់​គាត់​ទេ

១ សាំយូអែល 10