6. នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងមកសណ្ឋិតលើអ្នក បណ្តាលជាខ្លាំង អ្នកនឹងទាយជាមួយនឹងគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ
7. កាលណាទីសំគាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះត្រូវឲ្យអ្នកធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងអ្នកហើយ
8. រួចត្រូវឲ្យអ្នកចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅឯអ្នក ដើម្បីនឹងថ្វាយដង្វាយដុត ហើយនឹងយញ្ញបូជា ជាដង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំ៧ថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ។
9. ដូច្នេះ ក៏កើតមកយ៉ាងនោះមែន កាលសូលបានបែរចេញពីសាំយូអែលទៅ នោះព្រះទ្រង់បំផ្លាស់បំប្រែចិត្តគាត់ ហើយទីសំគាល់ទាំងនោះ ក៏កើតមកនៅថ្ងៃនោះឯង
10. កាលគេទៅដល់ភ្នំហើយ នោះមើល មានពួកហោរាមកជួបនឹងគាត់ ហើយព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើគាត់បណ្តាលឡើងជាខ្លាំង រួចគាត់ទាយនៅកណ្តាលពួកនោះ
11. កាលពួកអ្នកដែលស្គាល់គាត់ពីមុន បានឃើញគាត់ទាយ ជាមួយនឹងពួកហោរាដូច្នោះ នោះគេនិយាយគ្នាថា តើមានកើតអ្វីដល់កូនគីសនេះ តើសូលជាពួកហោរាដែរឬអី
12. រួចម្នាក់ដែលនៅទីនោះក៏ឆ្លើយឡើងថា តើពួកហោរាមានអ្នកណាជាឪពុក សេចក្តីនោះក៏ត្រឡប់ទៅជាពាក្យទំនឹមទំនៀមថា តើសូលជាពួកហោរាដែរឬអី
13. កាលគាត់ឈប់ទាយហើយ នោះក៏ឡើងទៅឯទីខ្ពស់។
14. ឯមារបស់សូល ក៏សួរដល់គាត់ និងអ្នកបំរើថា តើឯងបានទៅឯណា គាត់ឆ្លើយថា បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅឯលោកសាំយូអែល
15. រួចមារបស់សូលសួរថា ចូរប្រាប់ដល់អញ តើលោកសាំយូអែលមានប្រសាសន៍នឹងឯងដូចម្តេចខ្លះ
16. នោះសូលឆ្លើយជំរាបមាថា លោកបានប្រាប់យើងខ្ញុំជាច្បាស់ថា លាបានឃើញហើយ តែត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជំរាបដល់មាទេ។