14. ឯមារបស់សូល ក៏សួរដល់គាត់ និងអ្នកបំរើថា តើឯងបានទៅឯណា គាត់ឆ្លើយថា បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅឯលោកសាំយូអែល
15. រួចមារបស់សូលសួរថា ចូរប្រាប់ដល់អញ តើលោកសាំយូអែលមានប្រសាសន៍នឹងឯងដូចម្តេចខ្លះ
16. នោះសូលឆ្លើយជំរាបមាថា លោកបានប្រាប់យើងខ្ញុំជាច្បាស់ថា លាបានឃើញហើយ តែត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជំរាបដល់មាទេ។
17. នៅគ្រានោះ សាំយូអែលប្រមូលពួកកូនចៅអ៊ីស្រាអែលមកប្រជុំគ្នានៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា
18. រួចប្រាប់ដល់ពួកបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះថា អញបាននាំពួកអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយឯងរាល់គ្នាឲ្យរួចពីកណ្តាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្តាប់ដៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនឯង
19. តែនៅថ្ងៃនេះ ឯងរាល់គ្នាបានបោះបង់ចោលព្រះនៃឯង ដែលទ្រង់បានជួយសង្គ្រោះឯង ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្តីវេទនារបស់ឯង ឥឡូវនេះឯងរាល់គ្នាបានទូលទ្រង់ថា សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ ដូច្នេះ ចូរឯងរាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ
20. សាំយូអែល ក៏ឲ្យពូជអំបូរ នៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះទ្រង់រើសយកពូជអំបូរបេនយ៉ាមីន
21. រួចលោកឲ្យពូជអំបូរនោះចូលមកតាមគ្រួគេ ហើយរើសយកបានគ្រួម៉ាទ្រី ត្រូវលើរូបសូលជាកូនគីស តែកាលគេរកគាត់ នោះមិនឃើញសោះ
22. ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់
23. គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្តាលពួកជន នោះគាត់មានកំពស់ជាងគេទាំងអស់ ឯបណ្តាជនទាំងឡាយបានត្រឹមតែស្មារបស់គាត់ទេ
24. នោះសាំយូអែលប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះយេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឲ្យដូចជាគាត់ទេ បណ្តាជនទាំងឡាយក៏បន្លឺវាចាឡើងថា ជយោព្រះករុណា។