1. នោះសាំយូអែលក៏យកដបប្រេង ចាក់ទៅលើក្បាលសូល រួចថើបគាត់ដោយពាក្យថា ឯព្រះយេហូវ៉ាតើទ្រង់មិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើមរដកទ្រង់ទេឬអី។
2. នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបប្រទះនឹង២នាក់ នៅត្រង់ផ្នូររ៉ាជែលដែលនៅភូមិសេលសា ក្នុងព្រំស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា សត្វលាដែលអ្នករក នោះបានឃើញហើយ តែឥឡូវឪពុកអ្នកបានលែងគិតពីលា ដោយថប់ព្រួយនឹងអ្នកវិញ ដោយថា តើត្រូវធ្វើដូចម្តេចឲ្យបានកូនអញមកវិញ
3. រួចអ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ នៅទីនោះនឹងមានមនុស្ស៣នាក់ ដែលកំពុងតែឡើងទៅឯព្រះ នៅបេត-អែល មកជួបនឹងអ្នកម្នាក់កាន់កូនពពែ៣ មួយទៀតកាន់នំបុ័ង៣ដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ
4. គេនឹងជំរាបសួរដល់អ្នក ហើយនឹងជូននំបុ័ង២ដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ
5. ក្រោយនោះអ្នកនឹងទៅដល់ភ្នំព្រះ