១ សាំយូអែល 10:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី។

2. នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​ប្រទះ​នឹង​២​នាក់ នៅ​ត្រង់​ផ្នូរ​រ៉ាជែល​ដែល​នៅ​ភូមិ​សេលសា ក្នុង​ព្រំ​ស្រុក​បេន‌យ៉ា‌មីន គេ​នឹង​ប្រាប់​អ្នក​ថា សត្វ​លា​ដែល​អ្នក​រក នោះ​បាន​ឃើញ​ហើយ តែ​ឥឡូវ​ឪពុក​អ្នក​បាន​លែង​គិត​ពី​លា ដោយ​ថប់​ព្រួយ​នឹង​អ្នក​វិញ ដោយ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​អញ​មក​វិញ

3. រួច​អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ នៅ​ទី​នោះ​នឹង​មាន​មនុស្ស​៣​នាក់ ដែល​កំពុង​តែ​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល មក​ជួប​នឹង​អ្នក​ម្នាក់​កាន់​កូន​ពពែ​៣ មួយ​ទៀត​កាន់​នំបុ័ង​៣​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ

4. គេ​នឹង​ជំរាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​២​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ

5. ក្រោយ​នោះ​អ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ

6. នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ

7. កាល​ណា​ទី​សំគាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ហើយ

8. រួច​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​ឯ​អ្នក ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី ចូរ​អ្នក​អង់‌ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។

9. ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​សូល​បាន​បែរ​ចេញ​ពី​សាំយូ‌អែល​ទៅ នោះ​ព្រះ​ទ្រង់​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី​សំគាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ​ឯង

10. កាល​គេ​ទៅ​ដល់​ភ្នំ​ហើយ នោះ​មើល មាន​ពួក​ហោរា​មក​ជួប​នឹង​គាត់ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​គាត់​បណ្តាល​ឡើង​ជា​ខ្លាំង រួច​គាត់​ទាយ​នៅ​កណ្តាល​ពួក​នោះ

11. កាល​ពួក​អ្នក​ដែល​ស្គាល់​គាត់​ពី​មុន បាន​ឃើញ​គាត់​ទាយ ជា​មួយ​នឹង​ពួក​ហោរា​ដូច្នោះ នោះ​គេ​និយាយ​គ្នា​ថា តើ​មាន​កើត​អ្វី​ដល់​កូន​គីស​នេះ តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

12. រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក សេចក្តី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

១ សាំយូអែល 10