20. លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សំរាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។
21. ឯអែលកាណា ជាប្ដីនាង ព្រមទាំងពួកគ្រួគាត់ទាំងអស់ ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់តែឆ្នាំ ហើយនឹងលាបំណន់របស់គាត់ទៅ
22. តែហាណាមិនបានទៅទេ ដោយប្រាប់ប្ដីថា ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជាប់ជាដរាបទៅ
23. នោះអែលកាណាជាប្ដីឆ្លើយថា ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមតែឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ដូច្នេះ នាងក៏នៅបំបៅកូន ទាល់តែបានផ្តាច់ដោះហើយ
24. លុះបានផ្តាច់ដោះស្រេចហើយ នោះនាងក៏នាំយកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលស្ទាវ៣ ម្សៅ១ថាំង ហើយនឹងថង់ស្បែកដាក់ស្រាទំពាំងបាយជូរ១ នាំទៅឯដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ឯកូននោះនៅក្មេងណាស់
25. រួចគេសំឡាប់គោឈ្មោល ហើយនាំកូនទៅឯអេលី
26. ជំរាបថា ឱព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំនេះហើយ ជាស្រីដែលបានឈរអធិស្ឋានដល់ព្រះយេហូវ៉ា នៅទីនេះជិតលោក
27. គឺខ្ញុំបានអធិស្ឋានសូមឲ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសំរេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន
28. ដូច្នេះ ខ្ញុំសូមប្រគល់វាដល់ព្រះយេហូវ៉ា ទុកជារបស់ផងទ្រង់រហូតដល់អស់ជីវិត រួចគេនាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ានៅទីនោះ។