13. ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ
14. ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ
15. តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ
16. សូមកុំរាប់ខ្ញុំជាអ្នកបំរើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្តីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ
17. នោះអេលីឆ្លើយថា ដូច្នេះ សូមអញ្ជើញទៅ ប្រកបដោយសេចក្តីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្តីដែលបានសូមពីទ្រង់ចុះ
18. រួចនាងសូមថា ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។
19. លុះព្រលឹមស្រាងឡើង គេក៏នាំគ្នាទៅថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ឯអែលកាណា ក៏ស្គាល់ហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាទ្រង់នឹកចាំពីនាង
20. លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សំរាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។
21. ឯអែលកាណា ជាប្ដីនាង ព្រមទាំងពួកគ្រួគាត់ទាំងអស់ ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់តែឆ្នាំ ហើយនឹងលាបំណន់របស់គាត់ទៅ
22. តែហាណាមិនបានទៅទេ ដោយប្រាប់ប្ដីថា ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជាប់ជាដរាបទៅ
23. នោះអែលកាណាជាប្ដីឆ្លើយថា ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមតែឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ដូច្នេះ នាងក៏នៅបំបៅកូន ទាល់តែបានផ្តាច់ដោះហើយ