11. រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្តីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។
12. គ្រាកំពុងដែលនាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង
13. ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ
14. ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ
15. តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ
16. សូមកុំរាប់ខ្ញុំជាអ្នកបំរើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្តីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ
17. នោះអេលីឆ្លើយថា ដូច្នេះ សូមអញ្ជើញទៅ ប្រកបដោយសេចក្តីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្តីដែលបានសូមពីទ្រង់ចុះ
18. រួចនាងសូមថា ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។