១ របាក្សត្រ 9:19-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀ‌សាប់ៗ​ជា​កូន​កូរេ និង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​អយ្យកោ​គេ​ក៏​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ

20. ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់

21. ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ

22. អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ

23. ដូច្នេះ គេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោសថ តាម​លំដាប់​វេន

24. មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង

25. ឯ​ពួក​បង​ប្អូន​គេ ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ

26. ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ និង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

27. គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។

១ របាក្សត្រ 9