16. ពួកនោះគេនៅស្រុកកាឡាត ក្នុងស្រុកបាសាន ហើយក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងក្នុងភូមិដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំស្រុកគេ
17. ពួកអ្នកទាំងនោះបានកត់ក្នុងបញ្ជីតាមពង្សាវតាររបស់គេ នៅក្នុងរាជ្យយ៉ូថាម ជាស្តេចយូដា ហើយនៅក្នុងរាជ្យយេរ៉ូបោម ជាស្តេចអ៊ីស្រាអែល។
18. ឯកូនរបស់រូបេន ព្រមទាំងពួកកាឌ់ និងពួកម៉ាន៉ាសេ១ចំហៀង គេមានមនុស្សក្លាហាន ដែលអាចនឹងកាន់ខែល និងដាវ បាញ់ធ្នូ ហើយក៏ថ្នឹកនឹងចំបាំង គឺចំនួនជា៤ម៉ឺន៤ពាន់៧៦០នាក់ ដែលអាចនឹងចេញទៅច្បាំងបាន
19. គេលើកគ្នាទៅច្បាំងនឹងពួកហាការេន ពួកយេធើរ ពួកណាភីស និងពួកណូដាប់
20. គេក៏មានសេចក្ដីជំនួយជួយ ទាំងនឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្តាប់ដៃគេ ពីព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចំបាំង ទ្រង់ក៏ទទួលព្រមតាម ដោយព្រោះគេបានទីពឹងដល់ទ្រង់
21. គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋ៥ម៉ឺន ចៀម២សែន៥ម៉ឺន និងលា២ពាន់ ព្រមទាំងមនុស្ស១សែននាក់
22. មានមនុស្សដួលស្លាប់សន្ធឹកណាស់ ដ្បិតចំបាំងនោះកើតពីព្រះ គេក៏អាស្រ័យនៅក្នុងទីលំនៅរបស់អ្នកទាំងនោះ ដរាបដល់វេលាដែលគេត្រូវជាប់ជាឈ្លើយវិញ។
23. ឯពួកកូនចៅរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចំរើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើម៉ូន និងសេនារ ហើយភ្នំហ៊ើម៉ូន
24. ឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានល្បីឈ្មោះ ហើយជាកំពូលលើវង្សរបស់ឪពុកគេ។
25. ប៉ុន្តែគេបានរំលងទាស់នឹងព្រះនៃពួកអយ្យកោគេ ព្រមទាំងផិតតាមអស់ទាំងព្រះរបស់ពួកជន នៅស្រុកដែលព្រះបានបំផ្លាញចេញពីមុខគេ
26. ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តាលព្រះទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យដឹកនាំគេទៅ គឺពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ស្តេចទាំង២នោះក៏ដឹកនាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃនេះ។