6. គ្រានោះពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត
7. គេថ្វាយសំរាប់ការងារ ក្នុងព្រះវិហារនៃព្រះ ជាមាស៥ពាន់ហាប និង១ម៉ឺនជី ប្រាក់១ម៉ឺនហាប លង្ហិន១ម៉ឺន៨ពាន់ហាប និងដែក១សែនហាប
8. ហើយអ្នកណាដែលមានត្បូង នោះក៏ថ្វាយទៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ក្រោមអំណាចយេហ៊ីអែល ជាពួកគើសុន
9. នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយស្តេចដាវីឌទ្រង់ក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
10. ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល អយ្យកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច
11. ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ និងព្រះចេស្តា សិរីល្អ ជ័យជំនះ និងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់
12. ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកំឡាំងដល់មនុស្សទាំងអស់
13. ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ