3. មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ផងខ្លួនយើង សំរាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សំរាប់ទីបរិសុទ្ធនេះ
4. គឺមាស៣ពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសំរងស្រាប់៧ពាន់ហាប សំរាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន
5. ហើយមាសសំរាប់ប្រដាប់ធ្វើពីមាស និងប្រាក់សំរាប់ប្រដាប់ធ្វើពីប្រាក់ ហើយសំរាប់គ្រប់ទាំងការ ដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ។
6. គ្រានោះពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត
7. គេថ្វាយសំរាប់ការងារ ក្នុងព្រះវិហារនៃព្រះ ជាមាស៥ពាន់ហាប និង១ម៉ឺនជី ប្រាក់១ម៉ឺនហាប លង្ហិន១ម៉ឺន៨ពាន់ហាប និងដែក១សែនហាប
8. ហើយអ្នកណាដែលមានត្បូង នោះក៏ថ្វាយទៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ក្រោមអំណាចយេហ៊ីអែល ជាពួកគើសុន
9. នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយស្តេចដាវីឌទ្រង់ក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។