23. នោះសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា ជាស្តេចជំនួសដាវីឌ ព្រះបិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់
24. ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ និងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ស្តេចដាវីឌ នោះក៏ចុះចូលនឹងស្តេចសាឡូម៉ូនទាំងអស់ដែរ
25. ព្រះយេហូវ៉ាទ្រង់ក៏ដំកើងសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទាន ឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
26. រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល
27. ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ
28. រួចទ្រង់ក៏សុគតទៅបានព្រះជន្មវែងល្អ ហើយបានស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្តិ និងកិត្តិយសផង នោះសាឡូម៉ូន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា
29. រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើម រហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត និងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ
30. ព្រមទាំងរឿងពីរាជ្យ និងឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ និងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗនោះផង។:៚