19. ហើយសូមប្រទានឲ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រមសេចក្ដីបន្ទាល់ និងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឲ្យ។
20. ឯដាវីឌទ្រង់មានព្រះបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា ចូរអ្នករាល់គ្នាបង្គំទូលដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដូច្នេះ ពួកជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា និងស្តេចផង។
21. ដល់ថ្ងៃស្អែកឡើង គេក៏ថ្វាយយញ្ញបូជា និងដង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ពាន់ ចៀមឈ្មោល១ពាន់ កូនចៀម១ពាន់ និងដង្វាយច្រួចនៃដង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរសំរាប់ពួកអ៊ីស្រាអែលទាំងអស់
22. គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយសេចក្ដីអំណរជាខ្លាំងនៅថ្ងៃនោះឯង។រួចគេតាំងសាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ឡើងម្តងនេះទៀត ឲ្យធ្វើជាស្តេច ក៏ចាក់ប្រេងញែកទ្រង់ចេញ ថ្វាយដល់ព្រះយេហូវ៉ា ទុកជាអ្នកគ្រប់គ្រង ហើយសាដុកផង ឲ្យធ្វើជាសង្ឃ
23. នោះសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា ជាស្តេចជំនួសដាវីឌ ព្រះបិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់
24. ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ និងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ស្តេចដាវីឌ នោះក៏ចុះចូលនឹងស្តេចសាឡូម៉ូនទាំងអស់ដែរ
25. ព្រះយេហូវ៉ាទ្រង់ក៏ដំកើងសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទាន ឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
26. រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល
27. ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ